ដោយ សុ ជីវី
2012-06-27
សាលាឧទ្ធរណ៍បានសម្រេចបន្ថយទោសជាប់ពន្ធនាគារអ្នកបឹងកក់ ១៣នាក់ ដែលមានន័យថា ពួកគេត្រូវមានសេរីភាពវិញនៅថ្ងៃពុធ ទី២៧ ខែមិថុនា។
អ្នកបឹងកក់ ប្រជាសហគមន៍ដែលមានជម្លោះដីធ្លី ក្រុមបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ មន្ត្រីតំណាងស្ថានទូតប្រចាំនៅកម្ពុជា ដែលមានចំនួនសរុបប្រមាណ ៤០០នាក់ បានរីករាយសាទរចំពោះការសម្រេចនេះ។
ក្រុមប្រឹក្សាជំនុំជម្រះរឿងក្ដីព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ ប្រកាសបន្ថយទោសអ្នកបឹងកក់ចំនួន ១៣នាក់ អោយមានទោសត្រឹម ១ខែ ៣ថ្ងៃ ចំពោះការចោទប្រកាន់ពួកគេពីបទកាន់កាប់ដោយខុសច្បាប់ទៅលើ អចលនទ្រព្យនីតិបុគ្គលសាធារណៈ និងទោសប្រឆាំងអាជ្ញាធរសាធារណៈ។
បន្ទាប់ពីបានបើកសវនាការពេញមួយព្រឹក ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះ លោក សេង ស៊ីវុត្ថា មានប្រសាសន៍ថា សាលាឧទ្ធរណ៍សម្រេចរក្សាសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ គឺមានន័យថា អ្នកបឹងកក់ទាំង ១៣នាក់ ត្រូវរកឃើញថា មានកំហុសដូចការចោទប្រកាន់។ ប៉ុន្តែសាលាឧទ្ធរណ៍បានសម្រេចបន្ថយទោសអ្នកទាំង ១៣ ពីការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះមកត្រឹម ១ខែ ៣ថ្ងៃវិញ។ ការបន្ថយទោសនេះ គឺដោយសារក្រុមប្រឹក្សាជំនុំជម្រះពិនិត្យឃើញថា អ្នកបឹងកក់ទាំង ១៣នាក់ គឺជាស្ត្រីដែលមិនសូវចេះដឹង មិនបានពិចារណាវែងឆ្ងាយ និងជាម្ដាយ ដែលមានកូនៗក្នុងបន្ទុកត្រូវទទួលខុសត្រូវ។
ការសម្រេចរបស់សាលាឧទ្ធរណ៍ទទួលបានការសាទរពីអ្នកភូមិជាប់ទោសទាំង ១៣នាក់។
តំណាងអ្នកបឹងកក់ម្នាក់ក្នុងចំណោមអ្នកទាំង ១៣នាក់ ដែលត្រូវនាំមកស្ដាប់សវនាការនៅសាលាឧទ្ធរណ៍ អ្នកស្រី ទេព វន្នី មានប្រសាសន៍ដោយអំណរថា អ្នកស្រីអរគុណដល់សាលាឧទ្ធរណ៍ដែលបានផ្ដល់យុត្តិធម៌។
នៅលើដងវិថីព្រះស៊ីសុវត្ថិ អ្នកបឹងកក់ ប្រជាសហគមន៍ដែលមានជម្លោះដីធ្លី រួមទាំងក្រុមបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ជាតិ អន្តរជាតិ សរុបប្រមាណ ៤០០នាក់ ដែលបានលើកគ្នាទៅលើកទឹកចិត្តអ្នកតំណាង ១៣នាក់ បាននាំគ្នាស្រែកច្រៀងអបអរនឹងសេរីភាពរបស់អ្នកតំណាងរបស់ពួកគេ។
បើទោះជាយ៉ាងណា អ្នកឃ្លាំមើលនៅមានការសោកស្ដាយចំពោះករណីនេះ ដ្បិតពួកគេដឹងច្បាស់ថា អ្នកបឹងកក់គឺពុំមានកំហុសដូចការចោទប្រកាន់ឡើយ។
ប្រធានអង្គការការពារសិទ្ធិមនុស្ស លីកាដូ អ្នកស្រី ពុង ឈីវកេក មានប្រសាសន៍ថា ជាយុត្តិធម៌ពិតប្រាកដ គឺអ្នកទាំង ១៣នាក់ ត្រូវជាជនដែលគ្មានកំហុស។
ចំណែកព្រះតេជព្រះគុណ លួន សុវ៉ាត មានថេរដីកាថា ករណីនេះគឺពុំមែនជាលើកទី១ទេសម្រាប់វិស័យតុលាការនៅកម្ពុជា គឺតែងមានហេតុផលជាលេសក្នុងការគេចវេះពីកំហុសរបស់ខ្លួន ពីការកាត់សេចក្ដីដែលមិនត្រឹមត្រូវ។
អ្នកបឹងកក់ចំនួន ១៣នាក់ ត្រូវបានកងកម្លាំងអាជ្ញាធរចាប់កាលពីថ្ងៃពី២២ ឧសភា និងត្រូវកាត់អោយមានទោស ២ឆ្នាំកន្លះម្នាក់ពីបទរំលោភកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុ របស់នីតិបុគ្គលសាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈ។
នៅថ្ងៃបើកសវនាការនៅសាលាឧទ្ធរណ៍នេះ អ្នកបឹងកក់បានប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ចចម្រុះដែលរារាំង ពួកគេមិនអោយទៅខាងមុខសាលាឧទ្ធរណ៍។ ក្នុងការប៉ះទង្គិចនៅត្រូវអ្នកភូមិអះអាងថា បានធ្វើអោយស្រ្តីមានវ័យ ២៤ឆ្នាំម្នាក់ដែលមានផ្ទៃពោះ ២ខែ ឈ្មោះ បូវ ស្រីស្រស់ ត្រូវនគរបាលវាយអោយសន្លប់ និងរលូតកូន និងមានកុមារជាច្រើននាក់ទៀតរបួសស្រាល៕ ប្រភពពី RFA