ព្រះអង្គម្ចាស់​នរោត្តមរណ​ឫរិទ្ធ​បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង​ ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​​ចូលរួម​ការ​ប្រកួត​ប្រជែង​បោះឆ្នោត​ ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៣ ​មិថុនា​ខាង​មុខ​នេះ​ បន្ទាប់​ពី​គណបក្ស​របស់​ព្រះអង្គ​បាន​ប្រកាស​ចង​សម្ព័ន្ធភាព​ជាមួយ​និង​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​លោក​ញឹក ​ប៊ុនឆៃ។​
ក្នុង​ខណៈពេល​ដែល​ព្រះអង្គ​កំពុង​តែ​ឃោសនា​រក​សំឡេងឆ្នោត​នៅ​វត្ត​ភ្នំ ​កណ្តាល​ទីក្រុង​ភ្នំពេញ ​ព្រះអង្គ​មិន​បាន​បំភ្លេច​គុណ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​សម្របសម្រួល​គណបក្ស​រាជានិយម​ទាំង​ពីរ​ឲ្យ​ រួបរួម​គ្នា​ឡើងវិញ​ បន្ទាប់​ពី​បាន​បែកបាក់​គ្នា​អស់​រយៈពេល​ប្រាំមួយ​ឆ្នាំ​នេះ​ទេ។​
កាល​ពី​ថ្ងៃ​ទី​២៤ ​កន្លងទៅ​នេះ​ គណបក្ស​នរោត្តម​រណឫរិទ្ធ​របស់​សម្តេច​ក្រុងព្រះ ​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​លោក​ញឹក ​ប៊ុនឆៃ​បាន​ប្រកាស​ចងសម្ព័ន្ធភាព​ឡើងវិញ​នៅឯ​អគារ​រដ្ឋាភិបាល​ ក្រោម​ការ​សម្របសម្រួល​​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។​
ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​នៅ​ក្នុង​ខណៈពេល​ដែល​សម្តេច​ក្រុង​ព្រះ​បាន ​យាង​ចុះ​ទៅ​ឃោសនា​រក​សំឡេងឆ្នោត​នៅ​ឯវត្តភ្នំ​ ព្រះអង្គ​បាន​បញ្ជាក់​ថា​ មាន​តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ទេ​ដែល​អាច​នាំ​ទៅ​រក​ការ​វិលត្រឡប់​មក​វិញ​នូវ​អ្នក​រាជានិយម។​ ព្រះអង្គម្ចាស់​បាន​មាន​បន្ទូល​ថា​ បើ​ចង់ដោះស្រាយ​បញ្ហា​ជាតិ ​ទាល់​តែ​អ្នក​រាជានិយម​បូក​ទាំង​អ្នក​ជាតិ​និយម​មួយ​ចំនួន​ទៀត​ ដែល​លោក​សំដៅ​ទៅ​លើ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​ទើប​អាច​ដោះស្រាយ​បញ្ហា​ជាតិ​បាន។​
បន្ទាប់​ពី​បាន​ទទួល​ភ្លើង​ខៀវ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ឲ្យ​រូបរួម​គណបក្ស​រាជានិយម​តែ​មួយ​ សម្តេច​ក្រុងព្រះ​នរោត្តម​រណឫរិទ្ធ​ក៏បាន​ឆ្លៀត​ឱកាស​វាយប្រហារ​គណបក្ស​ ប្រឆាំង​ចំនួន​ពីរ​គឺ​គណបក្ស​សម ​រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម ​សុខា​ថា​ គណបក្ស​នេះ​មិន​អាច​ជួយ​អ្វី​ដល់​ប្រទេស​ជាតិ​បាន​ទេ។​
«បោះឆ្នោត​ឲ្យ​សម​ រង្ស៊ី ​ទំនិញ​ចុះថ្លៃ។ ​ខ្ញុំ​ឃើញ​ថា​ គាត់​និយាយ​មក​វាបួន​អាណត្តិ​ហើយ​ មាន​ន័យ​ថា​ ២០​ឆ្នាំ​ហើយ​ សាំង​នៅ​តែ​ឡើងថ្លៃ ​អ្នក​ម៉ូតូឌុប​ក៏​នៅ​តែ​រហេម​រហាម​ ប្រជារាស្ត្រ។ ​ឯការ​ប្លន់ទឹក​ដី​​ ក៏ឃើញអ្នកមាន​នៅ​តែ​យក​ទឹក​ដី​ដដែល។​ ឃើញ​តែ​និយាយ​ ក៏ប៉ុន្តែ​ពុំមាន​ ពុំដែល​ឃើញ​គណបក្ស​សម ​រង្ស៊ី ​​ជា​ឧទាហរណ៍​មួយ​ទេ»។​
លោក​យឹម ​សុវណ្ណ ​អ្នក​នាំពាក្យ ​និង​ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម​ រង្ស៊ី​ បាន​បញ្ជាក់​ថា​ គណបក្ស​សម ​រង្ស៊ី ​មិនមាន​សំឡេង​គ្រប់គ្រាន់​សម្រាប់​គ្រប់គ្រង​អំណាច​ទេ ​ហើយ​គណបក្ស​សម ​រង្ស៊ី​បំពេញ​កាតព្វកិច្ច​ជា​អ្នក​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​តែ​ ប៉ុណ្ណោះ។ ​លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ មាន​មេដឹកនាំ​ខ្លះ​មាន​ឱកាស​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ ហើយ​តែ​ក្បត់​ឆន្ទៈ​រាស្ត្រ។​
«យើង​មាន​ការសោកស្តាយ​ណាស់ ​ដែល​គណបក្ស​មួយ​ ដែល​មាន​អត្តសញ្ញាណ​ដែល​មាន​ប្រវត្តិ​ដ៏​យូរលង់​ក្លាយ​ទៅ​ជា​សាខា​របស់​ គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ដើរ​តួនាទី​ជា​អ្នក​នាំពាក្យ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​ បច្ចុប្បន្ន។ ​យើង​មិន​មាន​ការ​ចាប់​អារម្មណ៍​អ្វី​ទេ។​ សង្ឃឹម​ថា​ ​ប្រជាពលរដ្ឋ​ អ្នក​ម្ចាស់​ឆ្នោត​ទាំង​អស់​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សម ​រង្ស៊ី ​ដែល​ជា​គណបក្ស​ដែល​មាន​សក្កានុពល​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រជែង​នឹង​គណបក្ស​ប្រជាជន​ដើម្បី​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ»។​
លោក​កឹម ​សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ ទាំង​គណបក្ស​នរោត្តម​រណឫរិទ្ធ​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កំពុង​តែ​បង្ហាញ​ភាព​ពិត​របស់​ខ្លួន​ថា​ ពិត​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ​លោក​បាន​បញ្ជាក់​ថា​ គណបក្ស​សិទ្ធិ​មនុស្ស​មិន​ដែល​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​ទេ​ មាន​តែ​ព្រះអង្គម្ចាស់​ទេ​ដែល​ធ្លាប់​ធ្វើ​ជា​មេដឹកនាំ​ហើយ​ដឹកនាំ​ប្រទេស​ ខុស។​
«យើញ​ឃើញ​ថា ​ប្រជាពលរដ្ឋ​គេ​មិន​ទៅ​ជឿ​សម្តី​របស់​រណ​ឫរិទ្ធ​ទៀត​ទេ​ ព្រោះ​រណឫរិទ្ធ​ធ្លាប់​គេ​ឲ្យ​ឈ្នះ​ហើយ។ ​ដូច្នេះ​ឈ្នះ​ហើយ​ធ្វើ​ការ​មិន​កើត ​ឈ្នះហើយ​ឲ្យ​គេ​ប្រើប្រាស់​យក​កម្លាំងខ្លួន​ យក​អំណាច​ខ្លួន​ទៅ​ប្រើប្រាស់​ ដើម្បី​ប្រយោជន៍​តែ​បក្សពួក​គេ​ ហើយ​គាត់​មាន​មុខ​អី​ដើម្បី​ឲ្យ​ប្រជាពល​រដ្ឋ​គេ​ជឿ​គាត់​ទៀត»។​
គណបក្ស​នរោត្តម​រណឫរិទ្ធ​ និង​គណបក្ស​ហ៊ុនស៊ិនប៉ិច​ គ្រោង​នឹង​ធ្វើ​សមាជ​មួយ ​ក្រោយ​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បាន​បញ្ចប់។ ​ហើយ​គេ​រំពឹង​ថា ​សមាជ​នេះ​នឹង​បោះឆ្នោត​តែងតាំង​ព្រះអង្គម្ចាស់​នរោត្តម​រណឫរិទ្ធ​ ជា​មេដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​ថ្មី ​និង​លោក​ញឹក ប៊ុនឆៃ​ជា​អនុប្រធាន​គណបក្ស៕​