សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​ស្ត្រី​អ្នក​តវ៉ា​នៅ​ សហគមន៍​បឹងកក់​ចំនួន​ ១៣​នាក់​ នៅ​ក្នុង​ការ​កាត់ទោស​មួយ​យ៉ាង​តក់ក្រហល់​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​ ជាប់​ពន្ធនាគារ​ម្នាក់​ៗ​ ចំនួន​ពីរ​ឆ្នាំ​៦​ខែ។ ​ហើយ​បន្ទាប់​មក​ពួកគេ​ត្រូវ​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​ពន្ធនាគារ​ព្រៃស​ ព្រម​ជាមួយ​គ្នា​នេះ​ អាជ្ញាធរ​បាន​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ចំនួន​ពីរ​នាក់​ បន្ថែម​ទៀត​និង​ចាប់​ខ្លួន​ព្រះតេជគុណ​លួន ​សាវ៉ាត់ ​ដែល​បាន​ថត​ក្រុម​ប្រជា​ពលរដ្ឋ​អ្នក​តវ៉ា​នៅ​ខាង​មុខ​តុលាការ។
ប្រជា​ពលរដ្ឋ​ទាំង​ ១៣​នាក់​នៅ​ក្នុង​នោះ​មាន​អ្នកស្រី​ទេព ​វន្នី ​និង​សកម្មជន​អ្នក​តវ៉ា​ទំនាស់​ដីធ្លី​យ៉ាង​ខ្លាំងក្លា​ពីរ​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចូល​កាន់កាប់​ដោយ​ខុស​ច្បាប់​លើ​អចលន​វត្ថុ​នៃ ​នីតិ​សាធារណៈ​តាម​ច្បាប់​ភូមិបាល​និង​បទ​ប្រឆាំង​មន្ត្រី​សាធារណៈ​តាម​ក្រម ​ព្រហ្មទណ្ឌ។
ប្រជា​ពលរដ្ឋ​ទាំង​ ១៣​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ហិង្សា​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ពេល​ដែល​ពួក​គេ​ បាន​ជួយ​សង់​ផ្ទះ​ឲ្យ​អ្នក​ភូមិ​ម្នាក់​ដែល​ផ្ទះនោះ​ត្រូវ​បាន​កម្ទេច​ចោល​ ដោយ​គ្មាន​ដំណោះស្រាយ។
អ្នក​ភូមិ​បឹងកក់​ម្នាក់​បាន​ដួល​សន្លប់​បន្ទាប់​ពី​បាន​ឃើញ​ប្រជា​ពលរដ្ឋ​ទាំង​ ១៣​នាក់​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​កាន់​មន្ទីរ​ឃុំឃាំង។
លោក​អំ ​សំអាត ​ប្រធាន​គ្រប់គ្រង​ការិយាល័យ​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​ សិទ្ធិមនុស្ស​លីកាដូ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការកាត់ទោស​នៅ​រសៀល​នេះ​មាន​ ប្រសាសន៍​ថា​ ប្រជា​ពលរដ្ឋ​បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​តុលាការ​នៅ​ក្នុង​សវនាការ។
«ជន​រងគ្រោះ​ទាំង​១៣​នាក់ ​បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​ព្រះរាជអាជ្ញា​។ ​ហើយ​មួយទៀត ​យើង​ក៏​ឃើញ​វីដេអូ​ខ្លីប​ដែល​បង្ហាញ ​គេ​អះអាង​ថា​មាន​រូប​ទាំង​ ៧​នាក់។​ ប៉ុន្តែ​វីដេអូ​នេះ​បាន​ចាក់​តែ​បន្តិច​ទេ។ ​យើង​ឥត​បាន​ទាន់​ដឹង​ជា​នរណា​ ប៉ុន្តែ​យើង​មិនទាន់​បាន​ឃើញ​វត្តមាន​នៃ​អ្នក​ទាំង​ ១៣​នាក់​ទេ​នៅ​ក្នុង​ខ្សែ​វីដេអូ​ទេ»។
លោក​អំ ​សំអាត​ យល់​ឃើញ​ថា​ ការផ្តន្ទាទោស​នេះ​មិន​អាច​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​សហគមន៍​បឹងកក់​នោះ​ទេ។
ដោយឡែក​លោក​អ៊ូ ​វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​យល់​ឃើញ​ថា​ អ្នក​ភូមិ​បឹងកក់​បាន​ទទួល​រងគ្រោះ​ពីរ​ជាន់​ គឺ​ការ​រងគ្រោះ​ទី​១ ​ដោយសារ​ការ​យក​ដីធ្លី​របស់​ពួក​គេ​ទៅ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​វិនិយោគទុន ​ស៊ូកាគូអ៊ីន ​របស់​ព្រឹទ្ធ​សមាជិក​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ការ​រងគ្រោះ​មួយ​ទៀត​ ដោយសារ​តែ​ការ​ផ្តន្ទាទោស​ដោយ​តុលាការ​មិន​មាន​ហេតុផល​សមស្រប។
ស្ត្រីម្នាក់​និង​បុរស​ម្នាក់​នៃ​សហគមន៍​បឹងកក់​ ដែល​ត្រូវ​ចាប់​ខ្លួន​បន្ថែម​នៅ​រសៀល​នេះ​ ទំនង​ជា​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ស្អែក។ រីឯ​ព្រះតេជគុណ​លួន ​សាវ៉ាត ​ជ័យលាភី​ពាន​រង្វាន់​សិទ្ធិមនុស្ស​ត្រូវ​បាន​បង្ខាំង​នៅ​ក្នុង​វត្ត​ បុទុមវតី ​ក្នុង​ទីក្រុង​ភ្នំពេញ ​ហើយ​មិន​ទាន់​ត្រូវ​បាន​ចាប់​ផ្សឹក​នៅ​ឡើយ​មក​ទល់​នឹង​យប់​នេះ។
នាយក​ប្រចាំ​អង្គការ ​Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី ​លោក Phil Robertson បានអំពាវនាវ​ឲ្យ​ រដ្ឋាភិបាល​ខ្មែរ​បញ្ឈប់​ការវាយ​សំពង​​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការ​តវ៉ា​ដោយ​ សន្តិវិធី​ និង​សម្តែង​មតិ​របស់​ពួក​គេ៕