តើ​ចៅក្រម យូ ប៊ុនឡេង នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​ឬ? - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Thursday, March 22, 2012

តើ​ចៅក្រម យូ ប៊ុនឡេង នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​ឬ?

 Radio Free Asia. 

ដោយ ទីន ហ្សាការីយ៉ា

2012-03-22
កេរ្តិ៍ឈ្មោះ​របស់​សាលាក្ដី​ខ្មែរក្រហម​កំពុង​តែ​ត្រូវ​សហគមន៍​ អន្តរជាតិ​យក​ចិត្ត​ទុក​ដាក់​បន្ទាប់​ពី​សហ​ចៅក្រម​អន្តរជាតិ​បាន​លា​ឈប់​ពី ​តំណែង​ម្ដង​ហើយ​ម្ដង​ទៀត។
រូប​ថត ECCC
លោក យូ ប៊ុនឡេង សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។
មូលហេតុ​សំខាន់​មួយ ដែល​បណ្ដាល​អោយ​ចៅក្រម​អន្តរជាតិ​លាលែង​ពី​តំណែង​បន្ត​កន្ទុយ​គ្នា​នេះ គឺ​ដោយសារ​តែ​សម​ភាគី​របស់​ខ្លួន គឺ​សហ​ចៅក្រម​ជាតិ មិន​សហការ និង​គាំទ្រ​ដំណើរ​ស៊ើបអង្កេត​លើ​សំណុំរឿង ០០៣ និង ០០៤ ដែល​ជា​សំណុំរឿង​ដ៏​ចម្រូង​ចម្រាស់​នោះ។
ប្រការ​នេះ បាន​ធ្វើ​អោយ​មាន​ការ​ចោទ​សួរ​ថា តើ​សហ​ចៅក្រម​ជាតិ លោក យូ ប៊ុនឡេង ដែល​ត្រូវ​សហសេវិក​អន្តរជាតិ​របស់​ខ្លួន​ចោទ​ប្រកាន់​នេះ មាន​ឯករាជ​ភាព​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ឬ​ទេ ឬ​មួយ​ក៏​គាត់​ធ្វើ​ការ​ក្រោម​ឥទ្ធិពល​របស់​អ្នក​នយោបាយ?
បញ្ហា​លា​ឈប់​របស់​សហ​ចៅក្រម​អន្តរជាតិ​ទី​ពីរ​នៃ​សាលាក្ដី​ខ្មែរក្រហម ដែល​មក​បំរើ​ការ​នៅ​ក្នុង​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត នៅ​ក្នុង​តុលាការ​កូន​កាត់​មួយ​នេះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំមើល​ដំណើរ​ការ​តុលាការ និង​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា លោក យូ ប៊ុនឡេង ជា​តួ​អង្គ​សំខាន់ និង​ជា​ដើម​ចម ធ្វើ​អោយ​មាន​ការ​លា​ឈប់​ពី​តួនាទី​របស់​សហ​ចៅក្រម​អន្តរជាតិ​នេះ។
ក្រុម​អ្នក​ឃ្លាំមើល​តុលាការ និង​អ្នក​វិភាគ​បាន​ពន្យល់​ថា មូលហេតុ​សំខាន់​នោះ មក​ពី​សហ​ចៅក្រម​ជាតិ លោក យូ ប៊ុន​ឡេង មិន​មាន​ឆន្ទៈ ដើម្បី​បន្ត​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង ០០៣ និង ០០៤ ហើយ​លោក ជា​មនុស្ស​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឲ្យ​រួប​លោក ដែល​ជា​សហ​ចៅក្រម​ស៊ើបអង្កេត​ឃ្លាត​ឆ្ងាយ​អំពី​អសុក្រិតភាព និង​ភាព​ឯករាជ ដូច្នេះ យុត្តិធម៌​សម្រាប់​ប្រ​ជា​ជន​កម្ពុជា និង​សម្រាប់​អន្តរជាតិ ស្ថិត​នៅ​ក្នុង​សភាព​មិន​ច្បាស់លាស់។
អ្នក​សំរបសំរួល​កម្មវិធី​តុលាការ​ខ្មែរក្រហម​នៃ​សមាគម​សិទ្ធិមនុស្ស អាដហុក លោក ឡាត់ គី មាន​ប្រសាសន៍​ថា ហេតុផល​ដែល​ធ្វើ​ឲ្យ​សហ​ចៅក្រម​ជាតិ​លាលែង​ពី​ការងារ​របស់​ខ្លួន​នោះ ស្ថិត​នៅ​ក្នុង​បរិបទ​តែ​មួយ​គត់ គឺ​ភាព​មិន​ឯករាជ្យ​របស់​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត។ ដូច្នេះ វា​មិនមែន​សំដៅ​ទៅ​លើ​សហ​ចៅក្រម​អន្តរជាតិ ដែល​លាលែង​ពី​នាទី គេ​មិន​ទាន់​តែងតាំង​ពេញ​សិទ្ធិ​នោះ​ទេ។
លោក ឡាត់ គី៖ «ទឡ្ហីករណ៍​ដែល​បង្ហាញ​ វា​ជា​ហេតុផល​មួយ ដែល​លោក យូ ប៊ុនឡេង ហ្នឹង​ធ្វើ​ការ​មិន​ចាំ​សហការ​នៅ​ក្នុង​ការ​ស៊ើបអង្កេត។ ការ​ស៊ើបអង្កេត​នេះ​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​បាន​ទេ»។
បន្ថែម​ពី​លើ​នេះ​ទៀត ការ​លា​ឈប់​ពី​តួនាទី​របស់​សហ​ចៅក្រម​អន្តរជាតិ​បំរុង លោក ឡូរ៉ង កាស្ពែរ (Laurent Kasper) នេះ វា​កាន់​តែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត ដល់​សាធារណជន​ថា សហ​ចៅក្រម​ជាតិ កំពុង​មាន​ទំនោរ​ការងារ​ទៅ​តាម​អ្វី ដែល​រដ្ឋាភិបាល​កម្ពុជា​ចង់​បាន ពីព្រោះ​ថា សំណុំរឿង ០០៣ និង ០០៤ នេះ ប្រមុខ​រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ដែរ​ថា រដ្ឋាភិបាល​មិន​ចង់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​សំណុំ​រឿង​ទាំង​ពីរ​នេះ​ទេ។
ក្រៅ​ពី​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​សង្កត់​ធ្ងន់​ថា ទង្វើ​របស់​សហ​ចៅក្រម​ជាតិ​ធ្វើ​នៅ​ពេល​នេះ គឺ​វា​ស្រប​ទៅ​នឹង​ជំហរ​របស់​រដ្ឋាភិបាល​កន្លង​មក។ ពិសេស​ទៅ​ទៀត​នោះ ជំហរ​របស់​ចៅក្រម​នៅ​ប្រទេស​កម្ពុជា មិន​ទាន់​មាន​ឯករាជ្យ​ទៅ​តាម​អ្វី​ដែល​តុលាការ​អន្តរជាតិ​ចង់​បាន​នោះ​ទេ ពីព្រោះ​ថា សមាសភាព​ចៅក្រម​ទាំង​នោះ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​គណបក្ស​នយោបាយ​ពិសេស​គណបក្ស​កាន់​អំណាច។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «គេ​មិន​អាច​បដិសេធ​ថា អត់​មាន​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ទេ ព្រោះ​រដ្ឋាភិបាល គឺ​ជា​រដ្ឋបាល​គណបក្ស​កាន់​អំណាច ហើយ​មរតក​កុម្មុយនិស្ត ចៅក្រម​ទាំង​អស់​ហ្នឹង​វា​ស្ថិត​នៅ​ក្រោម​គណបក្ស»។
លោក យូ ប៊ុនឡេង មិន​សុំ​ធ្វើ​អត្ថាធិប្បាយ​ទេ នៅ​ពី​ថ្ងៃ​ទី​២១ មីនា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់។
ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​នៃ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភត្រា បាន​បដិសេធ​ថា សាលាក្ដី​ខ្មែរក្រហម​គឺ​ជា​ស្ថាប័ន​ឯករាជ្យ មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​ណា​មួយ​របស់​រដ្ឋាភិបាល​នោះ​ឡើយ។
លោក នេត្រ ភត្រា៖ «រដ្ឋាភិបាល​រួម​ហ្នឹង​ចៅក្រម និង​សហ​ព្រះរាជអាជ្ញា នៅ​ក្នុង​សាលាក្ដី​ធ្លាប់​បាន​ប្រកាស​ហើយ អំពី​ឯករាជ្យ​របស់​ខ្លួន ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​បាន​ប្រកាស​ហើយ ថា​ខ្លួន​មិន​ជ្រែក​ជ្រៀត​កិច្ចការ​តុលាការ​ទេ»។
សហ​ចៅក្រម​ជាតិ​លោក យូ ប៊ុនឡេង មាន​អាយុ ៥៤ ឆ្នាំ លោក​បាន​ចូល​បំរើ​ការងារ​ជា​សហ​ចៅក្រម​ស៊ើបសួរ​នៅ​ការិយាល័យ​សហ​ចៅក្រម​ ស៊ើបអង្កេត​តាំង​ពី​គេ​បង្កើត​សាលាក្ដី​ខ្មែរក្រហម កាល​ពី​ឆ្នាំ ២០០៦ មក។ ក្រៅ​ពី​បំពេញ​តួនាទី​ជា​សហ​ចៅក្រម​នៅ​សាលាក្ដី​ខ្មែរក្រហម បច្ចុប្បន្ន លោក យូ ប៊ុនឡេង ជា​ប្រធាន​សាលា​ឧទ្ធរណ៍ និង​ជា​សមាជិក​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។
ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​អធិប្បាយ​ថា លោក យូ ប៊ុនឡេង ជា​មនុស្ស​មាន​ឥទ្ធិពល​មួយ​រួប នៅ​ក្នុង​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្ដី​ខ្មែរក្រហម។ ម្យ៉ាង​ទៀត ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម មិន​សម្រេច​តែង​តាំង​លោក ឡូរ៉ង់ កាស្ពែរ ជា​សហ​ចៅក្រម​អន្តរជាតិ​ពេញ​សិទ្ធិ​នោះ ក៏​អាច​ទាក់ទង​នឹង​លោក យូ ប៊ុនឡេង ដែរ ពីព្រោះ​លោក​ជា​សមាជិក​មួយ​រួប​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។
បណ្ឌិត ឡៅ ម៉ង់ហៃ៖ «ហើយ​បដិសេធ​មិន​តែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​ អន្តរជាតិ​នេះ គាត់​ចូល​ប្រជុំ​ដែរ​អត់។ បើ​គាត់​ចូល​ប្រជុំ​វា​ពាក់ព័ន្ធ​ទំនាស់​ផល​ប្រយោជន៍»។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក នេត្រ ភត្រា បាន​បំភ្លឺ​ថា សាលាក្ដី​ខ្មែរក្រហម​ជា​តុលាការ​ស្តង់ដារ និង​មាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ ហើយ​ចៅក្រម ដែល​បាន​មក​ធ្វើការ​នៅ​ក្នុង​ស្ថាប័ន​នេះ គឺ​មាន​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់។ លោក​បញ្ជាក់​ថា ចៅក្រម​ទាំង​នោះ មាន​បទពិសោធន៍​ជា​ច្រើន សំរាប់​យក​ទៅ​អនុវត្ត​នៅ​តុលាការ​ជាតិ ដូច​ជា​ករណី លោក យូ ប៊ុនឡេង ជា​ប្រធាន​សាលាឧទ្ធរណ៍​ជា​ដើម។
លោក នេត្រ ភត្រា៖ «ចៅក្រម​មួយ​ចំនួន ដែល​គាត់​បាន​បំពេញ​ការងារ​នៅ​ទីនេះ គឺ​គាត់​បាន​ទាញ​យក​បទ​ពិសោធន៍​ការងារ​របស់​គាត់​នៅ​ក្នុង​សាលាក្ដី​ ខ្មែរក្រហម ហើយ​គាត់​យក​ទៅ​អនុវត្ត​នៅ​តុលាការ​ជាតិ»។
បន្ថែម​ពី​លើ​នេះ​ទៀត លោក យូ ប៊ុនឡេង មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​លោក​កាល​ពី​ខែ​មករា ឆ្នាំ ២០១២ ថា សហ​ចៅក្រម​អន្តរជាតិ​បម្រុង លោក ឡូរ៉ង់ កាស្ពែរ មិន​មាន​នីតិ​សម្បទា​នៅ​ក្នុង​ការ​បំពេញ​កិច្ច​នីតិវិធី ឬ​ចំណាត់​ការ​ណា​មួយ​ទាក់ទង​នឹង​សំណុំរឿង​ឡើយ ដោយ​រួម​ទាំង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សំណុំរឿង ដែល​មាន​ចែង​ក្នុង​វិធាន ៥៦ នៃ​វិធាន​ផ្ទៃ​ក្នុង​របស់​តុលា​ការ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ឡូរ៉ង់ កាស្ពែរ បាន​ផ្ដល់​ហេតុផល​ចំនួន ៥៤ ចំណុច​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​លោក កាល​ពី​ថ្ងៃ​ទី ២១ មីនា។ នៅ​ក្នុង​ចំណុច​ទី ១៥ លោក ឡូរ៉ង់ បាន​សរសេរ​រៀបរាប់​ថា សហ​ចៅក្រម​ជាតិ លោក យូ ប៊ុនឡេង គាត់​បាន​ទាត់​ចោល​រាល់​ទំនាក់ទំនង ដែល​ចេញ​ពី​សហ​ចៅក្រម​អន្តរជាតិ​ទាំង​អ៊ីម៉េល (E-mail) ទាំង​អនុស្សរណៈ​ផ្ទៃ​ក្នុង ហើយ​ក៏​មិន​ព្រម​ទទួល​ស្គាល់​អំពី​កំណត់​ហេតុ​នៃ​ឯកសារ​ទាំង​នេះ ព្រម​ទាំង​រាល់​សេចក្ដី​សម្រេច និង​សេចក្ដី​បង្គាប់​ទាំង​អស់​របស់​លោក។
សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​សរសេរ​ទៀត​ថា ការ​សម្រេច​ចិត្ត​របស់​លោក យូ ប៊ុនឡេង គឺ​ដើម្បី​បដិសេធ​ចោល​រាល់​ទំនាក់​ទំនង​ទាំង​អស់​ជាមួយ​លោក ឡូរ៉ង់ កាស្ពែរ ហើយ​មិន​ខ្វល់​អំពី​ការ​ពិត​ដែល​ថា ចៅក្រម កាស្ពែរ ត្រូវ​តែង​តាំង​ជា​សហ​ចៅក្រម​អន្តរជាតិ​បម្រុង​ពី​អង្គការ​សហប្រជាជាតិ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ត្រូវ​បំពេញ​ភារកិច្ច​ជា​ចៅក្រម​ស៊ើបអង្កេត ដែល​កំណត់​ដោយ​ច្បាប់​នៃ​សាលាក្ដី​ខ្មែរក្រហម និង​កិច្ច​ព្រមព្រៀង​នៃ​វិធាន​ផ្ទៃ​ក្នុង ក្នុង​ពេល​ដែល​អវត្តមាន​ចៅក្រម ស៊ីកហ៊្វ្រីក ប្លាំង (Siekfriek Blunk) ដែល​លាលែង​ពី​តំណែង​នោះ។
ដូច្នេះ​បញ្ហា​នេះ គឺ​ជា​ការ​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ ដែល​បាន​កំណត់​អំពី​ការ​ប្រព្រឹត្តិ​ទៅ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​ តុលាការ​កម្ពុជា (អ.វ.ត.ក)។
ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា យន្តការ​ដោះស្រាយ កុំ​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​រវាង​សហ​ចៅ​ក្រម​ជាតិ និង​សហ​ចៅក្រម​អន្តរជាតិ​បន្ត​ទៀត នៅ​ពេល​អង្គការ​សហប្រជាជាតិ​តែងតាំង អ្នក​ថ្មី​មក​ទៀត​នោះ មធ្យោបាយ​មាន​តែ​លោក​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ និង​ប្រទេស​ផ្ដល់​ជំនួយ ត្រូវ​មាន​ជំហរ​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​ត្រូវ​អនុវត្ត​ច្បាប់​នៃ​កិច្ច​ព្រមព្រៀង​ជា​ធរមាន ឬ​អនុវត្ត​ទៅ​តាម​ទំនោរ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជួន​ជន​រង​គ្រោះ​កម្ពុជា​អស់​នោះ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គេ​កត់​សម្គាល់​ឃើញ​ថា ការ​ដើរ​ចេញ​ពី​តួនាទី​លោក ឡូរ៉ង់ កាស្ពែរ នេះ កើត​ឡើង​បន្ទាប់​ពី​សាលាក្ដី​ខ្មែរក្រហម ទើប​នឹង​បាន​ទទួល​ការ​សន្យា បន្ត​ផ្ដល់​ជំនួយ​ពី​ប្រទេស​ម្ចាស់​ជំនួយ នៅ​ឯ​បុរី​ញីវយ៉ក កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ ដើម្បី​បន្ត​ការងារ​រក​យុត្តិធម៌​ក្នុង​ឆ្នាំ ២០១២ និង ឆ្នាំ ២០១៣។
អ្នក​នាំ​ពាក្យ​របស់​លោក បាន គីមូន (Ban Ki-moon) អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ឲ្យ​ដឹង​ថា អ.ស.ប បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នេះ។
អង្គការ​សហប្រជាជាតិ​កំពុង​តាម​ពិនិត្យ​ស្ថានការណ៍​តឹងតែង​ក្នុង​សាលាក្ដី​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត៕

Post Bottom Ad

Responsive Ads Here

Pages