ដោយ គឹម ពៅ
2010-07-22;
របបខ្មែរក្រហមបានផុតរលត់ជាង ៣០ឆ្នាំទៅហើយ ប៉ុន្តែឫសគល់ដែលនាំកើតរបបនេះ មិនទាន់ត្រូវបានបកស្រាយច្បាស់លាស់នៅឡើយទេ។
RFA file photo
ទេសចរបរទេសឈរមើលរូបថតនៃជនរងគ្រោះ ដែលស្លាប់ដោយសារការធ្វើទារុណកម្មនិងការប្រហារជីវិតនៅគុកទួលស្លែង ក្រោមរបបខ្មែរក្រហមពីឆ្នាំ១៩៧៥-១៩៧៩។
បើយើងស្ដាប់ឡើងវិញនូវចម្រៀងខ្មែរក្រហម បទចម្រៀងនីមួយៗ សុទ្ធតែបានលើកឡើងនូវការតស៊ូរបស់អ្នកធ្វើបដិវត្តន៍ ស៊ីអត់ស៊ីឃ្លាន កាន់អាវុធនៅព្រៃ ស្លៀកខោអាវមួយចង្កេះ ប្រយុទ្ធដើម្បីបដិវត្តន៍ សំដៅកសាងសង្គមថ្មី ស្អាតស្អំ រុងរឿង ប៉ុន្តែផ្ទុយទៅវិញ នៅពេលបានកាន់អំណាច អ្នកដឹកនាំរបបខ្មែរក្រហម បង្កើតឲ្យមានការសម្លាប់មនុស្ស និងវិនាសកម្មធំធេង ដែលមានមនុស្សជិត ២លាននាក់បាត់បង់ជីវិត។
បុរសចំណាស់ ឈ្មោះ នុត នួន អាយុ ៦៦ឆ្នាំ អង្គុយនៅលើគ្រែឫស្សីមុខផ្ទះ ក្បែរមណ្ឌលពិឃាដជើងឯក បានរៀបរាប់ថា ទម្រាំតែគាត់រស់រានមានជីវិតមកដល់ថ្ងៃនេះ គាត់ប្រឹងប្រែងរស់សម្បើមណាស់ តស៊ូនឹងការធ្វើពលកម្មធ្ងន់ធ្ងរ ការបង្អត់អាហារ និងការគំរាមយកជីវិតគ្រប់ពេល ដោយគ្រាន់តែ ចោទថា ពាក្យថា ខ្មាំង មួយម៉ាត់ប៉ុណ្ណោះ ៖ «ការងារទាល់តែសកម្ម ហើយយើងកុំមានទ្រឹស្ដីចេះដឹងច្រើនពេក ហើយយើងចេះធ្វើល្ងង់អ៊ីចឹងទៅ ដូចថាគេប្រើអីយើងធ្វើហ្នឹងទៅ កុំចេះដឹង ពិសេសការងារត្រូវតែសកម្ម ហើយបើយើងឈឺច្រើន អីច្រើន ក៏អត់បានដែរ»។
ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ បានថ្លែងថា វិនាសកម្មនៅក្នុងរបបខ្មែរក្រហម ត្រូវបានរាប់ ចាប់តាំងពីការជម្លៀសប្រជាជនចេញពីលំនៅឋាន នៅឆ្នាំ១៩៧៥ ដែលនាំឲ្យមានការសម្លាប់ជាហូរហែ នៅតាមដងផ្លូវ។
អ្នករស់រាននៅក្នុងរបបខ្មែរក្រហម ដែលបច្ចុប្បន្នមានវ័យជាង ៥០ឆ្នាំឡើងទៅ សុទ្ធតែបានឃើញការជម្លៀស ដែលមានមនុស្សទាំងខ្សែៗ ត្រូវគេបាញ់សម្លាប់ ដើម្បីបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរយៈពេលបីថ្ងៃ នៅពេលដែលខ្មែរក្រហមចូលកាន់កាប់ក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ ហើយក៏ឃើញមានមនុស្សស្លាប់ដេរដាសតាមដងផ្លូវ នៅក្នុងពេលជម្លៀសប្រជាជននោះ ដោយសារតែអត់អាហារ និងជំងឺ។
លោក ឆាំង យុ បានបញ្ជាក់ថា នេះជាការសម្លាប់ ហើយការសម្លាប់ទាំងអស់នេះ មិនមែនធ្វើឡើងដោយចៃដន្យឡើយ គឺសុទ្ធតែមានផែនការរៀបទុកជាមុន។ ការបង្អត់អាហារ ការកសាងគុក ដែលកាលនោះមានគុកដល់ទៅ ១៩៦កន្លែង ការសម្លាប់ និងការបង្ខំឲ្យធ្វើការហួសកម្លាំង ៖ «យើងភ្លេចគិតថា អាហ្នឹងជាបទឧក្រិដ្ឋ កាលណាយើងឃ្លាន យើងហ៊ានធ្វើអ្វីគ្រប់យ៉ាង គឺខ្មែរក្រហមគិតទុកជាមុន គឺបានយកស្រូវអង្ករមិនឲ្យប្រជាជនហូប ហើយដឹងថា ការធ្វើនេះ មានមនុស្សស្លាប់ អ៊ីចឹងខ្មែរក្រហមគិតទុកជាមុន ពេលដែលដកហូតយកស្រូវ អង្ករ ពីប្រជាជនហើយ មនុស្សខំប្រឹងបង្កើតផល១ហិកតារបីតោន»។
ឯកសាររបស់ខ្មែរក្រហមស្ដីអំពីផែនការ ៤ឆ្នាំ របស់បដិវត្តន៍បានសរសេរថា ដើម្បីកសាងសង្គមថ្មី ស្អាតស្អំ បំបាត់របបនាយទុន និងសក្ដិភូមិចោលឲ្យអស់ ក្នុងរយៈពេល ៣ឆ្នាំក្រោយពីការរំដោះ ឆ្នាំ១៩៧៥ នេះ ខ្មែរក្រហម មិនពឹងពាក់ជំនួយពីបរទេសឡើយ ដើម្បីកុំឲ្យមានការជំពាក់ជំពិនជាមួយនយោបាយរបស់បក្ស។
ផែនការនោះបាននិយាយពីការកម្ទេចលុយចាស់ចោល ដើម្បីកុំពាក់ព័ន្ធនឹងរបបចាស់ ជម្លៀសប្រជាជនឲ្យចេញពីទីក្រុង ដើម្បីរៀបចំភូមិករឡើងវិញ ហើយត្រូវបង្កើនសក្ដានុពលផ្នែកសេដ្ឋកិច្ចតាមរយៈការធ្វើស្រែ ដោយធ្វើប្រព័ន្ធធារាសាស្ត្រ លើកទំនប់ ជីកប្រឡាយដោយកម្លាំងមនុស្ស ហើយមានការគណនាចែកតំបន់ ដែលត្រូវបានបរិមាណស្បៀងប៉ុន្មានតោនរួចជាស្រេច គណនានូវចំនួនស្រូវដែលត្រូវទុកឲ្យប្រជាជនប៉ុន្មាន ទុកប៉ុន្មានឲ្យកងកម្លាំងប៉ុន្មាន លក់ប៉ុន្មាន ដើម្បីទ្រទ្រង់រដ្ឋាភិបាលថ្មី។
ផែនការរួម សូម្បីតែដែកកេះក៏ត្រូវដាក់រួម និងការដាក់ផែនការកំហិតឲ្យផលិត ឲ្យបានសម្រេចបន្ថែមនូវគំនាបមួយទៀត គឺការរកមុខអ្នកប្រឆាំងនឹងបដិវត្តន៍ ដោយកំណត់អ្នកទាំងនោះថាជាខ្មាំងរបស់បដិវត្តន៍ ដើម្បីកម្ទេចចោល បាននាំឲ្យមានការសម្លាប់រង្គាល។
អ្នករស់រានមានជីវិតបានរៀបរាប់ថា នៅខេត្តបាត់ដំបង អង្ករ ៥កំប៉ុង ត្រូវបានគេដាំជាបបរមួយខ្ទះត្នោតធំ សម្រាប់មនុស្ស ៥០នាក់បរិភោគ។ រីឯបុរសនៅខេត្តតាកែវវិញ បាននិយាយថា ពួកគាត់ត្រូវគេចែកអង្ករ ២ខាំ មួយថ្ងៃ មួយគ្រួសារ មិនថាគ្រួសារមានសមាជិកម្នាក់ ឬ៥នាក់ក៏ដោយ។
បុរសចំណាស់ ឈ្មោះ នុត នួន បន្ថែមថា នៅពេលយប់មានឈ្លបយកការណ៍នៅក្រោមផ្ទះ ដើម្បីតាមដានស្ដាប់វែកមុខអ្នកប្រឆាំងបដិវត្តន៍ ៖ «ថាយើងនិយាយ ពីអីៗ ហើយយើងនិយាយរឿងក្បត់ រឿងអី ថាការងារនឿយអ៊ីចឹងទៅ ស៊ីឆ្ងាញ់មិនឆ្ងាញ់អ៊ីចឹងទៅ អើបើគេសួរយើងថា ឆ្ងាញ់ឫក៏មិនឆ្ងាញ់ យើងហ៊ានឆ្លើយថា មិនឆ្ងាញ់គឺថាបាត់ខ្លួនហើយ ក្បត់ទៀតអាហ្នឹង។ យើងអ្នកដឹងយើងឆ្លើយថា ឆ្ងាញ់អ៊ីចឹងទៅ ទោះបីមិនឆ្ងាញ់ យើងថាឆ្ងាញ់ បើមិនអ៊ីចឹងទេ គេថាខ្មាំងហើយ ពីព្រោះខ្ញុំនៅជិតរបងគុក»។