លោកប្រធានាធិបតី Medvedev ចាប់ដៃជាមួយអតីតយុទ្ធជនក្នុងសង្រ្គាមលោកលើកទីពីរ ក្នុងថ្ងៃខួបជ័យជំនះលើពួកណាហ្ស៊ីអាល្លឺម៉ង់
©Reuters
បើនៅអឺរ៉ុបខាងលិច បុណ្យជ័យជំនះនេះ ត្រូវគេប្រារព្ធ គឺថ្ងៃ ៨ឧសភាម្សិលមិញនោះរុស្ស៊ីវិញ គឹនៅថ្ងៃ៩ឧសភា។ មូលហេតុមកពីក្នុងឆ្នាំ១៩៤៥ ពេលដែលមេទ័ពអាល្លឺម៉ង់នៃរបបHitler បានចុះហត្ថលេខាសុំចុះចាញ់ ក្នុងសង្គ្រាមលោកលើកទី២ នៅឯក្រុងBerlin ទ្រនិចនាឡិកា បានចង្អុលម៉ោង ១០យប់និង៤៣នាទី នៃថ្ងៃ៨ឧសភា ប៉ុន្តែសម្រាប់រុស្ស៊ីវិញ គឺវាត្រូវនឹងម៉ោង សូន្យនិង៤៣នាទីរំលង អធ្រាត្រចូលថ្ងៃ៩ឧសភាទៅហើយ។
សម្រាប់រុស្ស៊ី បុណ្យនេះជាបុណ្យធំបំផុត ពីព្រោះវាសឲ្យឃើញថា ជាតិរុស្ស៊ី នៅមាន អត្ថិភាពរស់រានដដែល ដ្បិតក្នុងសង្គ្រាមលោកលើកទី២ សហភាពសូវៀត មិនគ្រាន់តែចេះឈរ ទប់ខ្លួនជាប់ប៉ុណ្ណោះទេ តែថែមទាំងបានវាយបកត្រឡប់ទៅវិញ លុះទាល់តែរំដោះជាបណ្តើរៗ បណ្តាប្រជាជនទ្វីបអឺរ៉ុបខាងកើត ដែលបានធ្លាក់ទៅនៅ ក្រោមការកាន់កាប់របស់អាល្លឺម៉ង់ រហូតដល់បោះពួយទៅ ដោតទង់ជាតិខ្លួន ហៅថា”ទង់ជ័យជំនះ”លើដំបូលអគាររដ្ឋសភានៅចំកណ្តាលក្រុង Berlin ផ្ចាញ់របបណាហ្ស៊ីNazi អាល្លឺម៉ង់ឲ្យចុះចាញ់ទៅ។