ដើម្បីបញ្ចប់ការហ្មងសៅ និងការស្តីបន្ទោសច្រើនពីសហគមន៍អន្តរជាតិ អង្គជំនុំជម្រះសាលាដំបូងសាលាក្តីខ្មែរក្រហម កំពុងស្វះស្វែងរកវិធីសាស្ត្រ ដើម្បីពន្លឿនដំណើរការសវនាការក្នុងសំណុំរឿង០០២ ឲ្យមានប្រសិទ្ធភាព និងឲ្យបានលឿនតាមការទាមទារ។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា បញ្ជាក់ថា ដើម្បីជាការឆ្លើយតបទៅតាមសំណូមពរគ្រប់គូភាគីដែលចង់ឲ្យសាលាក្តី ពន្លឿននីតិវិធីនោះ តុលាការកូនកាត់មួយនេះកំពុងតែពិនិត្យនីតិវិធីមួយចំនួនឡើងវិញ រួមមានការបំបែកកិច្ចដំណើរការនៅក្នុងសំណុំរឿង០០២ និងកាត់បន្ថយពេលវេលាខ្លះនូវការសាកសួរសាក្សីផ្សេងៗ។
លោក នេត្រ ភក្ដ្រា៖ «ឥឡូវនេះ អង្គជំនុំជម្រះដំបូងកំពុងតែស្វះស្វែងរកវិធីសាស្ត្រ ដើម្បីពន្លឿនសវនាការនៅក្នុងសំណុំរឿង០០២ ឲ្យមានប្រសិទ្ធភាព ហើយដំណើរការទៅលឿនក៏ដូចជាឆ្លើយតបទៅនឹងសិទ្ធិរបស់គ្រប់ភាគី ទាំងអស់ដែរ»។
តុលាការខ្មែរក្រហម កំពុងតែស្ថិតនៅក្នុងស្ថានភាពលំបាក។ វិបត្តិថវិកាដែលកំពុងញាំញីឲ្យមានពហិការមិនបំពេញការងាររបស់ មន្ត្រីបុគ្គលិកជាតិនៃអង្គភាពបកប្រែ រួមនឹងផ្នែកប្រតិចារឹក ៣០រូប និងករណីស្លាប់ជនជាប់ចោទ អៀង សារី កំពុងធ្វើឲ្យសហគមន៍អន្តរជាតិស្តីបន្ទោសអំពីភាពយឺតយ៉ាវនៅក្នុង ដំណើរការកាត់ក្តីអតីតមេដឹកនាំរបបខ្មែរក្រហម។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) បានអំពាវនាវពីទីក្រុងហ្សឺណែវ ដល់គ្រប់តួអង្គទាំងអស់ រាប់ទាំងសហគមន៍អន្តរជាតិទាំងមូលឲ្យធ្វើការប្ដេជ្ញាចិត្តជាថ្មី ដើម្បីគាំទ្រដល់សាលាក្តីខ្មែរក្រហមឲ្យបន្តដំណើរការ ដើម្បីបញ្ចប់ការងាររបស់ខ្លួនប្រកបដោយឯករាជ្យពេញលេញ។
លោក ស៊ូប៊ែឌី បញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងតុលាការមួយនេះ កំពុងជំពាក់ជនរងគ្រោះដែលនៅរស់ពីរបបខ្មែរក្រហម ក្រុមគ្រួសាររបស់ជនរងគ្រោះ និងសង្គមកម្ពុជា ទាំងមូល ដែលបន្តឈឺចាប់ពីផលប៉ះពាល់នៃរបបខ្មែរក្រហម រហូតដល់សព្វថ្ងៃនេះ។ សម្រាប់លោក ស៊ូប៊ែឌី ការស្លាប់របស់លោក អៀង សារី ជាការបញ្ជាក់ថា គាត់មិនទាន់ត្រូវបានសាលាក្តីវិនិច្ឆ័យទោសនៅឡើយ៖ «មរណភាពរបស់ គាត់នៅក្នុងពេលកំពុងដំណើរជំនុំជម្រះក្តីនេះ មានន័យថា គាត់មិនទាន់ត្រូវបានសាលាក្តីសម្រេចសេចក្តីស្ថាពរនៅឡើយទេ»។
ស្របពេលគ្នានេះ សហរដ្ឋអាមេរិក បានអំពាវនាវអោយសាលាក្តីខ្មែរក្រហម ពន្លឿនដំណើរការជំនុំជម្រះអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដើម្បីអោយទាំងជនរងគ្រោះ និងជនជាប់ចោទ ទទួលបានយុត្តិធម៌។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី វិចទូរីយ៉ា នួលេន (Victoria Nuland) និយាយថា៖ «ការ ស្លាប់របស់លោក អៀង សារី គឺជាការបញ្ជាក់នូវសេចក្តីត្រូវការចាំបាច់នៃការបញ្ចប់ដំណើរការ កាត់សេចក្តីមេដឹកនាំខ្មែរក្រហម អោយបានឆាប់ៗ»។
ប្រទេសបារាំង និងជប៉ុន តំណាងអោយប្រទេសអ្នកផ្តល់ជំនួយ សង្កត់ធ្ងន់ពីកិច្ចការបន្ទាន់ដែលតួអង្គពាក់ព័ន្ធនានានៅក្នុងអង្គ ជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាឲ្យសវនាការកាត់ទោសជនជាប់ចោទដែលនៅសល់ អាចដំណើរការបានដោយត្រឹមត្រូវមានប្រសិទ្ធភាពលឿនទៅមុខ និងដើម្បីឲ្យយុត្តិធម៌ដែលគេទន្ទឹងរង់ចាំជាយូរមកហើយនោះ ក្លាយទៅជាការពិតនៅកម្ពុជា។
សម្រាប់អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ដ្រា បញ្ជាក់ថា សាលាក្តីខ្មែរក្រហមបានត្រឹមតែចូលរួមសោកស្ដាយចំពោះជនរងគ្រោះដែល ករណីលោក អៀង សារី មិនត្រូវបានជំនុំជម្រះក្តីឲ្យបានចប់ចុងចប់ដើមនៅចំពោះមុខ តុលាការ។ តាមមាត្រា៧ ចំណុចទី១ នៃនីតិក្រមព្រហ្មទណ្ឌកម្ពុជា ការស្លាប់របស់លោក អៀង សារី នឹងមានការរលត់បណ្ដឹងអាជ្ញា រួមមានបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងរលត់បណ្ដឹងរដ្ឋប្បវេណីផងដែរ។
ចំពោះនីតិវិធីពន្លឿនដំណើរការយ៉ាងណានោះ លោក នេត្រ ភក្ដ្រា បញ្ជាក់ថា អាចនឹងដឹងនៅក្រោយពេលដែលអង្គជំនុំជម្រះសាលាដំបូងចេញសេចក្តី សម្រេច ទាក់ទងនឹងការបំបែកកិច្ចដំណើរការនៃនីតិវិធី និងសវនាការវាយតម្លៃលើស្ថានភាពសុខភាពរបស់លោក នួន ជា ដែលគ្រោងផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៥ ខាងមុខ៕ប្រភពពី RFA