ពលរដ្ឋ​ស្នើសុំ​ឲ្យ​រក្សា​ទុក​ព្រះ​បរម​មេរុ​ជា​សារមន្ទីរ - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, February 8, 2013

ពលរដ្ឋ​ស្នើសុំ​ឲ្យ​រក្សា​ទុក​ព្រះ​បរម​មេរុ​ជា​សារមន្ទីរ

2013-02-08
ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន បាន​អំពាវនាវ​សុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ និង​រដ្ឋាភិបាល ពិចារណា​រក្សា​ទុក​ព្រះ​បរម​មេរុ ដែល​តម្កល់​ព្រះ​បរម​មញ្ជូសា ព្រះបាទ​សម្ដេច នរោត្តម សីហនុ ប្រៀប​ដូច​ជា​សារមន្ទីរ ក្រោយ​ពី​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​រួច។
RFA/Tin Zakariya
ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះករុណា ព្រះ​មហា​វីរក្សត្រ នៅ​ព្រះ​បរម​មេរុ កាល​ពី​ថ្ងៃ​ទី៤ កុម្ភៈ ឆ្នំ​២០១៣។

ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​ឲ្យ​រក្សា​ទុក​ព្រះ​បរម​មេរុ​នេះ គឺ​ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ឃើញ និង​ស្គាល់​ពី​វប្បធម៌ ទំនៀមទម្លាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​របស់​ព្រះរាជវង្សានុវង្ស។
ចៅសង្កាត់​រង​ទី២ សង្កាត់​អូរឫស្សី​៣ លោក ស៊ីម សំអាត បាន​ថ្លែង​នៅ​ថ្ងៃ​ទី៧ កុម្ភៈ ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​រក្សា​ព្រះ​បរម​មេរុ ទុក​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ដែល​មិន​ធ្លាប់​បាន​ចូល​ទៅ​ទស្សនា ទុក​ជា​ប្រវត្តិសាស្ត្រ​ផង និង​សម្រាប់​បង្ហាញ​កូន​ចៅ​ជំនាន់​ក្រោយ​ផង។ ជាង​នេះ​ទៅ​ទៀត គឺ​ជា​ការ​បញ្ជាក់​អំពី​កតញ្ញុតាធម៌ ដែល​ព្រះអង្គ​មាន​ស្នា​ព្រះហស្ត​ច្រើន​ដែល​កាល​ពី​ព្រះអង្គ​នៅ​មាន​ ព្រះជន្ម។
លោក ស៊ីម សំអាត៖ «ស្អាត​អីចឹង​ណា ចង់​ទុក​ឲ្យ​បាន​កូន​ចៅ​ជំនាន់​ក្រោយ នេះ​ខ្ញុំ​ស្ដាប់​មើល​ទៅ​មិន​មែន​តែ​ខ្ញុំ​ទេ ចាស់​ទុំ​អី​នៅ​ខេត្ត ឬ​អ្នក​កន្លែង​ធ្វើ​ការ​ជាមួយ គេ​មាន​គំនិត​ដូច​គ្នា មាន​គំនិត​ដូច​ថា​ចង់​រក្សា​ទុក​កុំ​រើ​វិញ ទុក​រហូត​អីចឹង​ទៅ។ ពីព្រោះ​អី គាត់​អ្នក​ស្នេហា​ជាតិ អ្នក​មាន​ស្នាដៃ សម័យ​គាត់​ហ្នឹង​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​ទេ ថា​សម័យ​គាត់​មាន​កិច្ច​ការងារ​ធ្វើ​មនុស្ស​រស់​នៅ​ថ្លៃ​ថ្នូរ យើង​គោរព​ស្រឡាញ់​ស្នាដៃ​គាត់ កាល​សម័យ​គាត់​រីក​ចម្រើន​មើល​ទៅ​ប្រជាពលរដ្ឋ​ជីវភាព​ធូរធារ នរណា​ក៏​សម្បូរ​សប្បាយ​ដែរ​សម័យ​នោះ»
ពលរដ្ឋ​ម្នាក់​ទៀត គឺ​អ្នកស្រី អៀង យ៉ិតតា បាន​ថ្លែង​ថា អ្នកស្រី​សុំ​ថា យ៉ាង​ហោច​ណាស់​រក្សា​ព្រះ​បរម​មេរុ​នេះ មួយ​រយៈពេល​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចូល​ថ្វាយ​ បង្គំ​នៅ​ឡើយ បាន​ចូល ដោយ​សារ​តែ​គ្រា​ដែល​មាន​ការ​ប្រារព្ធ​ព្រះ​រាជ​ពិធី​នោះ សមត្ថកិច្ច​មាន​ការ​រឹតត្បិត​ខ្លាំង​ពេក។
អ្នកស្រី អៀង យ៉ិតតា៖ «ប្រជាពលរដ្ឋ​ខ្លះ​អត់​ទាន់​បាន​ចូល​គោរព​ អ៊ីចឹង​ណា សុំ​ឲ្យ​ទុក​ពន្យារ​ពេល​បន្តិច​ទៅ ឲ្យ​បាន​ចូល​ទៅ​គោរព​ណា។ ធម្មតា កន្លែង​ព្រះ​មេរុ​ហ្នឹង កាល​ណា​រុះ​ទៅ​វា​ទៅ​ជា​លំហ​អីចឹង​ណា។ បើ​នៅ​ព្រះ​មេរុ គាត់​ចេះ​អុជ​ធូប​ដូច​នៅ​ក្រៅ​វាំង​អីចឹង​ណា។ រាល់​ថ្ងៃ ប្រជាពលរដ្ឋ​តែ​ល្ងាចៗ គាត់​អញ្ជើញ​ទៅ​ហើយ ព្រោះ​គាត់​អត់​ទាន់​អស់​ចិត្ត»
ទាក់​ទង​បញ្ហា​នេះ អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះបរមសព លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា យោង​តាម​ការ​សម្រេច​ពី​គណៈកម្មាធិការ​រៀបចំ​កន្លង​មក ថា​នឹង​ទុក​ព្រះ​បរម​មេរុ​នេះ ប៉ុន្តែ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ក្រោយ​បញ្ចប់​ព្រះ​រាជ​ពិធី​ព្រះបរមសព​រួច​ នេះ នឹង​មាន​កិច្ច​ប្រជុំ​មួយ​ដើម្បី​សម្រេច​ជា​លទ្ធផល​ចុង​ក្រោយ។ លោក​ថា ក្នុង​ការ​ស្ថាបនា​ព្រះ​បរម​មេរុ​នេះ មាន​សំណង់​ខ្លះ​អាច​ប្រើប្រាស់​បាន​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ មិន​អាច​រក្សា​ទុក ឬ​បណ្ដោយ​ឲ្យ​ត្រូវ​ភ្លៀង​បាន​ទេ។
លោក ញឹក ប៊ុនឆៃ៖ «វា​អាច​ថា​ទុក ឬ​យ៉ាង​ម៉េច​ហ្នឹង វា​អាច​ប្រជុំ​ចុង​ក្រោយ​ទៀត អាច​មាន​ការ​ផ្លាស់​ប្ដូរ​ប្រែប្រួល»
ប៉ុន្តែ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ មាន​បន្ទូល​ថា តាម​ប្រពៃណី​ទំនៀមទម្លាប់ ព្រះ​មេរុ​នេះ​ត្រូវ​តែ​រុះរើ​ចេញ។ ប៉ុន្តែ​សេចក្ដី​សម្រេច​នេះ គឺ​ស្ថិត​នៅ​លើ​រាជ​រដ្ឋាភិបាល។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «មិន​អាច​នឹង​ទុក​ទេ អាច​នឹង​ទុក​មួយ​រយៈ​អីចឹង​ទៅ ក៏​ប៉ុន្តែ​យូរ ហើយ​និង​ឆាប់ គេ​ត្រូវ​តែ​រុះ​ចេញ ពី​ព្រោះ​ព្រះមហាក្សត្រ​មុន គឺ​លោក​ធ្វើ​បុណ្យ​សព​នៅ​វាល​ព្រះ​មេរុ​ហ្នឹង​ដែរ ហើយ​នេះ​អត់​ដែល​មាន​ទុក​ព្រះ​មេរុ​របស់​លោក​ឯណា»
គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព សម្រេច​សាងសង់​ព្រះ​បរម​មេរុ សម្រាប់​ធ្វើ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព នៅ​ក្នុង​បរិវេណ​វាល​ព្រះ​មេរុ​ខាង​ជើង ជាប់​ព្រះបរមរាជវាំង និង​នៅ​ខាង​មុខ​សារមន្ទីរ​ជាតិ លើ​ផ្ទៃដី​ទំហំ​មួយ​ហិកតារ ដោយ​ចំណាយ​ថវិកា​ជាង ១​លាន​ដុល្លារ។
ជា​រៀង​រាល់​ឆ្នាំ វាល​ព្រះ​មេរុ ត្រូវ​បាន​គេ​យក​ធ្វើ​ជា​ទី​ព្រះ​ស្រែ ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល។
ស្រប​ពេល​នេះ​ដែរ រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​មាន​គម្រោង​សាង​ព្រះ​រូប​សំណាក​របស់​ព្រះបាទ​សម្ដេច នរោត្តម សីហនុ ដែល​មាន​កម្ពស់ ៤​ម៉ែត្រ និង​មាន​ជើង​ទម្រ​កម្ពស់ ៣​ម៉ែត្រ សរុប​ទាំង​អស់​មាន​កម្ពស់ ៧​ម៉ែត្រ ស្ថិត​នៅ​ជិត​នាគ​បាញ់​ទឹក ក្បែរ​វិមាន​ឯករាជ្យ៕​ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages