តុលាការ​ខេត្ត​កោះកុង​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន​មន្ត្រី​ជាន់ខ្ពស់​អង្គរក្ស​លោក​នាយក​ រដ្ឋមន្ត្រី​ហ៊ុន ​សែន​ ជាមួយ​នឹង​អង្គរក្ស​របស់​លោក​ចំនួន​បី​នាក់​ផ្សេងទៀត​ក្រោម​បទ​ចោទ​ប្រកាន់​ ថា បាន​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​មាន​ស្ថានទម្ងន់ទោស​តាម​មាត្រា​ទី​២១៨​ នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​មន្ត្រី​ប៉ូលិស​ខេត្ត​កោះកុង។
លោក ​ខាំ ​សុផារី ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​កោះកុង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​ទេ។
«លោក​ចង់​ដឹងព័ត៌មាន​ច្បាស់ ​លោក​មកជួប​ខ្ញុំ​នៅ​កន្លែង​ធ្វើការ​ទៅ។ មិន​អាច​ជម្រាប​តាមទូរស័ព្ទ​កើត​ទេ»។
កាល​ពី​ថ្ងៃ​អាទិត្យ​លោក​ឧត្តមសេនីយ៍ទោ ​ប៊ុន ​សុខា ​អាយុ​៣៩​ឆ្នាំ ​មេបញ្ជាការ​កងអង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​និង​អង្គរក្ស​របស់​លោក​ចំនួន​ពីរ​នាក់​ផ្សេង​ទៀត​ ព្រមទាំង​អ្នក​បើកបរ​ម្នាក់​ត្រូវ​បាន​នគរបាល​បាន​ឃាត់​ខ្លួន​ បន្ទាប់​ពី​បាន​ប្រព្រឹត្តិអំពើ​ហិង្សា​លើ​ជន​ស៊ីវិល​ចំនួន​បី​នាក់ ​និង​មន្ត្រី​កងរាជ​អាវុធហត្ថ​ចំនួន​ម្នាក់។
មូលហេតុ​ដែល​នាំ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​នៃ​កងអង្គរក្ស​លោក​នាយក​ រដ្ឋមន្ត្រី​ហ៊ុន ​សែន​ ប្រព្រឹត្តិ​អំពើ​ហិង្សា និង​ចាប់​ដាក់​ខ្នោះ​ផង​នោះ ដោយសារ​តែ​មន្ត្រី​អង្គរក្ស​រូប​នោះ​បាន​ខឹង​ជនរងគ្រោះ ​សាំង ​ថៃរ៉ាក់ ​ដែល​បាន​នាំ​សន្តិសុខ​ទៅ​គោះទ្វារ​បន្ទប់​របស់​លោក​ដែល​កំពុង​តែ​ស្នាក់​នៅ ​សណ្ឋាគារ​កោះកុង​ស៊ីធី។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នគរបាល។
មន្ត្រី​នគរបាល​បាន​និយាយ​ថា មូលហេតុ​ដែ​នាំ​ឲ្យ​មាន​ការ​គោះទ្វារ​បន្ទប់​នេះ​ ដោយសារ​តែ​លោក​សាំង​ ថៃរ៉ាក់ ជនរងគ្រោះ​មួយ​រូប​នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​បី​រូប​បាន​ជ្រុះបាត់​ បណ្តោង​ខ្សែករ​ដោយ​លោក​បាន​សង្ស័យ​ថា បាត់​នៅ​ក្នុង​បន្ទប់​ភរិយា​របស់​លោក​ប៊ុន ​សុខា ​ដែល​កំពុង​តែ​ស្នាក់​នៅ​ ទើប​បណ្តាល​ឲ្យ​មាន​ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​បាន​កើត​មាន​ឡើង។
លោក ឡាយ ​ម៉េងឡាំង ​នាយការិយាល័យ​ព្រំទណ្ឌ​កម្រិតស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កោះកុង​បាន​ សាទរ​ចំពោះ​វិធានការ​តុលាការ​ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​នៃ​កងអង្គរក្ស​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន។
«តុលាការ​គាត់​មាន​វិធានការ​ល្អ។ គាត់​បាន​បំពេញ​កាត្វកិច្ច​តាម​ច្បាប់»។
លោក អ៊ីន ​គីម ​មេធាវី​ការពារក្តី​ជន​ជាប់​ចោទ​បាន​ចាត់​ទុក​សេចក្តី​សម្រេច​របស់​តុលាការ​ថា​អយុត្តិធម៌​ចំពោះ​កូនក្តី​របស់​លោក។
លោក​នាយឧត្តមសេនីយ៍ ​ហ៊ីង​ ប៊ុនហ៊ាង ​មេបញ្ជាការ​កងអង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ បាន​និយាយ​ថា លោក​មិន​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ទេ។​ លោក​បាន​បញ្ជាក់​ថា​មន្ត្រី​អង្គរក្សណា​ដែល​ធ្វើ​ខុស​ត្រូវតែ​ទទួលទោស​ចំពោះ ​មុខ​ច្បាប់។
«ខ្ញុំ​ឥត​ត្រូវ​ការការពារ​ទេ។ ខ្ញុំ​ខំប្រឹង​ធ្វើ​អំពើ​ល្អ​ណាស់។ អង្គរក្ស​សម្តេច​ធានា​ការពារ​សន្តិសុខ​សម្តេច​ លោក​ជំទាវ ​និង​ក្រុមគ្រួសារ។ ឥត​ត្រូវ​ការការពារ​នាយទាហាន​ដែល​ធ្វើ​ការ​ខុសឆ្គង។ ឥត​ការពារ​ទេ​ សម្រេច​លើ​បុគ្គល​ហើយ»។
លោក អ៊ឹត គង់ជិត ​អ្នក​ស្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​ ដែល​បាន​តាម​ឃ្លាំមើល​ដំណើរការ​ចាប់​ខ្លួន​រហូត​ដល់​មាន​ការ​សម្រេច​ ឃុំខ្លួន បាន​មាន​ប្រសាសន៍​ថា ​សេចក្តី​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង​បាន​ផ្តល់​ជា​គំរូ​យុត្តិធម៌​ ក្នុង​សង្គម។
«យើង​យល់​ឃើញ​ថា ​គឺ​ជា​ប្រការ​មួយ​ល្អ​ ប្រសើរ​បំផុត​ដែល​តុលាការ​បាន​ប្រកាន់​នូវ​ជំហរ​ឯករាជ្យ​របស់​ខ្លួន ​ហើយ​ចាត់​ការ​តាម​នីតិវិធី។ ហើយ​យើង​សង្ឃឹម​ថា​តុលាការ​ខេត្ត​កោះកុង​ជា​តុលាការ​គំរូ ​ដែល​តុលាការ​ខេត្ត​ស្វាយរៀង​គួរតែ​យក​គំរូ​តាម។ ហើយ​វា​ជា​ការ​មួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​មាន​សង្ឃឹម​ទៅ​លើ​ភាព​ យុត្តិធម៌​ ហើយ​វា​បាន​បញ្ចប់​នូវ​និទត្តភាព»។
ស្របពេល​ដែល​តុលាការ​ខេត្ត​កោះកុង​បាន​ចេញ​ដីកា​ឃុំខ្លួន​មន្ត្រី​ ជាន់ខ្ពស់​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ក្នុង​ពន្ធនាគារ​ខេត្ត​មាន​ជន​រងគ្រោះ​ចំនួន​បី​រូប​ក្នុង​ចំណោម​ជន​រងគ្រោះ ​ចំនួន​បួន​រូប ​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​ ដែល​បាន​ប្តឹង​ប្រឆាំង​ជំទាស់​នឹង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាង ​បូរ៉ាទីណូ ​មន្ត្រី​ផ្នែក​ស៊ើបអង្គេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ កោះកុង៕