រូបថត៖ វីអូអេ ខ្មែរ
«គាត់ឈឺឡើងស្គម ដោយសារជំងឺទឹកនោមផ្អែមនិងលើសឈាម។ ប៉ុន្តែនៅធ្វើការជាធម្មតា»។
ឯកសារសម្ងាត់របស់សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមនៃ
សំណុំរឿង ០០៣/០០៤
បានចោទប្រកាន់បន្ថែមលើជនសង្ស័យ៥នាក់ជាអតីតកម្មាភិបាលខ្មែរ
ក្រហមពីបទសង្ស័យថាទាក់ទងនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ឧក្រិដ្ឋកម្មសង្គ្រាម
និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅសម័យខ្មែរក្រហមក្នុងទសវត្សរ៍
១៩៧០។ ក៏ប៉ុន្តែជនសង្ស័យពីរនាក់ ក្នុងចំណោមនោះគឺតា ទិត និង លោក
ស៊ូ ម៉េត ពុំទាន់ចេញមុខបកស្រាយអំពីការចោទប្រកាន់ជាបឋម
របស់សហព្រះរាជអាជ្ញានៅឡើយទេ។
ដីកាបញ្ជូនរឿងឲ្យស៊ើបសួរលើកទី៣របស់សហព្រះរាជអាជ្ញាដែល
វីអូអេទទួលបានក្រោយពីបណ្តាញផ្សាយព័ត៌មានបរទេស ឈ្មោះThe
Christian Science Monitor របស់សហរដ្ឋអាមេរិក
និងបណ្តាញផ្សាយព័ត៌មានរបស់ប្រទេស New Zealand ឈ្មោះ The
Scoopបានចេញផ្សាយជាបន្តបន្ទាប់កាលពីខែមិថុនាបានឲ្យដឹងថា
សហព្រះរាជអាជ្ញាបានចោទប្រកាន់ជនសង្ស័យ៥នាក់បន្ថែមទៀតដែលជា
អតីតកម្មាភិបាលខ្មែរក្រហម ថ្នាក់កណ្តាល
បន្ថែមពីលើជនជាប់ចោទ៥នាក់ដែលកំពុងជាប់ឃុំឃាំងបច្ចុប្បន្ន។
ជនសង្ស័យម្នាក់គឺ លោក ស៊ូ ម៉េត ជាមេបញ្ជាការកងពល៥០២
និងមេបញ្ជាការទ័ពអាកាសរបស់ខ្មែរក្រហម
ត្រូវបានសហព្រះរាជអាជ្ញាចោទប្រកាន់ជាបឋមថាមាន
ជាប់ទាក់ទឹននឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិឬការបង្ខិតបង្ខំ
ឲ្យធ្វើការហួសកម្លាំង អំពើអមនុស្សធម៌ ចាប់ឃុំខ្លួនខុសច្បាប់
ធ្វើទារុណកម្ម សម្លាប់មនុស្សជាច្រើនពាន់នាក់
និងបញ្ជូនមនុស្សទៅកាន់មន្ទីរសន្តិសុខស២១ជាដើម។ លោក ស៊ូ ម៉េត
ជាជនសង្ស័យក្នុង សំណុំរឿងលេខ០០៣ក្នុងបទឧក្រិដ្ឋកម្មរួមជាមួយ
លោក មាស មុត។ (លោក មាស មុត
បានបកស្រាយបំភ្លឺអំពីករណីរបស់លោកជាមួយវីអូអេថាលោកពុំមានជាប់
ទាក់ទឹននឹងការចោទប្រកាន់របស់សហព្រះរាជអាជ្ញា)។
វីអូអេសំឡេងសហរដ្ឋអាមេរិកបានព្យាយាមរង់ចាំជួប លោក ស៊ូ ម៉េត
៤លើកដោយបានទុកលេខទូរស័ព្ទទំនាក់ទំនងផងនៅពេលទៅកាន់គេហដ្ឋាន
របស់លោកម្តងៗ នៅក្នុង ទីរួមខេត្តបាត់ដំបង
តែពុំបានទទួលការឆ្លើយតបហើយនឹងជួបសម្ភាសទេ។ កូនស្រីរបស់លោក
ស៊ូ ម៉េត នាង ស៊ូ ម៉ាលីស បានប្រាប់ថាគាត់មិននៅផ្ទះទេ។ លោក ស៊ូ
ម៉េត ចេញទៅស្រុកសំឡូត។ ក្រោយទៀតនាងបានប្រាប់ថាលោកទៅភ្នំពេញ។
នាង ស៊ូ ម៉ាលីស
បានបដិសេធកិច្ចសម្ភាសដោយការថតសម្លេងនិងថតវីដេអូ។
នាងបានរៀបរាប់ថាឪពុករបស់នាងមានជំងឺជាប់ខ្លួនឥឡូវនេះ។
«គាត់ឈឺឡើងស្គម ដោយសារជំងឺទឹកនោមផ្អែមនិងលើសឈាម។ ប៉ុន្តែនៅធ្វើការជាធម្មតា»។
លោក ស៊ូ ម៉េត ធ្លាប់ជាទីប្រឹក្សាក្រសួងការពារជាតិមានឋានន្ទរស័ក្តិជាឧត្តមសេនីយ៍ទោ ក្រោយពេលចូលសមាហរណកម្ម។
បើតាមការអះអាងរបស់ស្ត្រីជាអ្នកជិតខាងម្នាក់ដែលមានវ័យ
ចំណាស់ជាង៦០ឆ្នាំបានឲ្យដឹងថា គេពិបាកដឹងសុខទុក្ខ លោក ស៊ូ ម៉េត
ដោយសារថាគាត់ចេញចូលដោយរថយន្ត ហើយរស់នៅក្នុងផ្ទះវីឡាធម្មតាមួយ
ដែលមានរបងបិទជិត។
ស្ត្រីដដែលនោះបានអះអាងបន្ថែមថា៖
«នៅម្តុំត្រង់នេះភាគច្រើនជាយោធា ហើយនឹងមានអ្នកធ្វើការធំៗ ដូច្នេះគ្មានអ្នកណាហ៊ានទៅក្បែរផ្ទះរបស់គេទេ»។
នៅក្នុងដីការបញ្ជូនរឿងឲ្យស៊ើបសួរជាឯកសារសម្ងាត់របស់តុលាការ
សហព្រះរាជអាជ្ញាបានរៀបរាប់ពីប្រវត្តិគ្រប់គ្រងការងារនិងការជាប់
ទាក់ទឹននឹងបទឧក្រិដ្ឋកម្មនានានៅសម័យខ្មែរក្រហមរបស់ លោក ស៊ូ
ម៉េត។
ឯកសារដដែលបានបញ្ជាក់ថា៖
«ក្នុងឋានៈជាមេបញ្ជាការកងពលធំលេខ៥០២ ស៊ូ ម៉េត
ទទួលខុសត្រូវលើការសម្អាតកងពលឲ្យអស់នូវសមាសភាពដែលមិនល្អដែល
ជាផ្នែកមួយនៃផែនការបោសសម្អាតដ៏ធំរបស់កងទ័ពបដិវត្តន៍កម្ពុជា
ទាំងមូល។ គាត់បានរួមចំណែកនៅក្នុងផែនការឧក្រិដ្ឋកម្មរួម
តាមរយៈការកំណត់អត្តសញ្ញាណ ការចាប់ និងការផ្ទេរ«ជនក្បត់»
ដែលជាប់សង្ស័យ ពីកងពលធំលេខ៥០២ ទៅមន្ទី ស២១។
បុគ្គលិកជាង៨០០នាក់មកពីកងពលធំលេខ៥០២ត្រូវបានបញ្ជូនទៅកាន់
ស២១»។
ស៊ូ ម៉េត
ទាក់ទងជាប្រចាំជាមួយឌុចប្រធានគុកទួលស្លែងស២១របស់ខ្មែរក្រហម
ក្នុងរឿងបញ្ជូនបុគ្គលណាដែលលោកចាត់ទុកថាក្បត់អង្គការ។
នៅក្នុងវគ្គមួយនៃឯកសារដដែល សហព្រះរាជអាជ្ញាបាននិយាយថា៖
«ស៊ូ ម៉េត បានសរសេរទៅឌុចនៅថ្ងៃទី១ខែមេសាឆ្នាំ១៩៧៧
ពន្យល់អំពីមូលហេតុនៃការបញ្ជូនមនុស្សចំនួន៤នាក់ពីកងពលធំលេខ
៥០២ ទៅមន្ទីរស២ ក្នុងរយៈពេល២ថ្ងៃមុន។ មនុស្សទាំង៤នាក់
ត្រូវបានឆ្លើយដាក់នៅក្នុងចម្លើយសារភាពរបស់
សោមនៃមន្ទីរ៦២ដែលជាការិយាល័យរដ្ឋបាលរបស់អគ្គសេនាធិការ។ ស៊ូ ម៉េត
បញ្ចប់សំបុត្រដោយចារថាគាត់កំពុងរង់ចាំយោបល់ពីអង្គការមុនពេល
ចាត់វិធានការប្រឆាំងនឹងមនុស្សផ្សេងៗទៀតដែលបានរៀបរាប់នៅក្នុង
ចម្លើយសារភាពរបស់សោម»។
ជនសង្ស័យម្នាក់ទៀតគឺ តា ទិត ឬ លោក យឹម ទិត
ប្រធានស្តីទីតំបន់ពាយ័ព្យជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងនឹង
មនុស្សជាតិ ឬ បទមនុស្សឃាត ធ្វើទារុណកម្ម
ធ្វើទុក្ខបុកម្នេញផ្នែកសាសនា មានសាសនាព្រះពុទ្ធ
និងសាសនាអ៊ីស្លាម។ នេះបើតាមដីការ
ចោទប្រកាន់បឋមដែលវីអូអេទទួលបានពីប្រភពស្និទ្ធនឹងតុលាការ។ តា
ទិតឬ យឹម ទិត គឺជាទីប្រឹក្សាក្រសួងការពារជាតិ
មានឋានន្ទរសក្តិជាឧត្តមសេនីយ៍ទោ ក្រោយការធ្វើសមាហរណកម្ម។
លោកគឺជាប្អូថ្លៃអតីតសព តា ម៉ុក
អគ្គមេបញ្ជាការកំពូលកងទ័ពខ្មែរក្រហមដែលត្រូវបានរដ្ឋាភិបាលចាប់
ឃុំខ្លួនតែបានស្លាប់ក្នុងមន្ទីរពេទ្យ
កាលពីឆ្នាំ២០០៦ក្នុងជន្មាយុ៨០ឆ្នាំ។ បើតាមឯកសាររបស់តុលាការ តា
ទិត បានរៀបការជាមួយប្អូន ស្រី តា ម៉ុក គឺអ្នកស្រី កេន។
វីអូអេសំឡេងសហរដ្ឋអាមេរិកពុំអាចជួបសម្ភាសតា ទិត
បានទេនៅពេលទៅដល់គេហដ្ឋានរបស់គាត់មួយកន្លែងនៅក្នុ
ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង។ ស្រ្តីម្នា្កក់នៅក្នុងផ្ទះតា ទិត
ដែលអះអាងថាអ្នកស្រីជាអ្នកស៊ីឈ្នួលចាំចំការបានថ្លែងថាតា ទិត
មិននៅផ្ទះទេ ហើយបដិសេធឆ្លើយនឹងសំណួររបស់វីអូអេជាច្រើន។
ក៏ប៉ុន្តែអ្នកភូមិវិញបានអះអាងថាស្រី្តនោះគឺ អ្នកស្រី កេន
ជាភរិយាតា ទិត។ តា ទិត
ដែលគេមិនសូវស្គាល់នោះមានផ្ទះជាច្រើនកន្លែង។
ផ្ទះមួយរបស់លោកស្ថិតនៅក្នុងស្រុក
រតនៈមណ្ឌលខេត្តបាត់ដំបងជាកន្លែងដែលលោកដាំចំការ។
លោកគ្រុំ ម៉ុងប្រធានភូមិមួយក្នុងស្រុករតនមណ្ឌល
រស់នៅជាប់ផ្ទះតាទិត បាន អះអាងថា តា ទិត
មានចំការនៅក្នុងភូមិរបស់លោកហើយគាត់មកធ្វើចំការជាមួយប្រពន្ធ
និងកូនប្រុសរបស់គាត់ម្នាក់។
«ដូចជាអ៊ំ ទិត ខ្ញុំរស់នៅទីនេះ ខ្ញុំជាមេភូមិគាត់មកនេះ
ឃើញកូនប្រពន្ធគាត់ធ្វើចំការបន្តិចបន្ទួច។
ហើយទៅមកៗដូចថានៅអត់ទៀងទាត់នៅទីនេះទេ។
គាត់គ្រាន់តែមកលេងកន្លះខែ មួយខែបាត់ទៅ។
ពេលរដូវផ្លែឈើភាគច្រើនបានគាត់មក។ ហើយពេលដល់ខែបុណ្យទានធំៗ
ចូលឆ្នាំ ភ្ជំបិណ្ឌអីក៏គាត់អាចមកធ្វើកម្មវិធី
មន្តលោកឆាន់នៅផ្ទះគាត់ដែរ»។
នៅពេលសួរពីសុខភាពបច្ចុប្បន្នរបស់តាទិត លោកមេភូមិបានអះអាងថា៖
«បើតាមខ្ញុំពិនិត្យមើល សុខភាពរបស់គាត់មិនទាន់ទ្រុឌទ្រោមប៉ុន្មានទេ ប៉ុន្តែគាត់ឥឡូវដូចជាអន់ភ្នែក»។
លោក ម៉ុង បានរៀបរាប់ថា តា ទិត
ជាមនុស្សស្លូតបូតពេលនេះគាត់កាន់សីល៨ទៅវត្ត
តែពលរដ្ឋនៅក្នុងភូមិរួមនិងលោកជាប្រធានភូមិផងមិនស្គាល់
ប្រវត្តិរបស់តា ទិត ទេ។ លោក ម៉ុង អះអាងថា លោកគ្រាន់តែដឹងថាតា ទិត
ធ្វើជាមន្ត្រីធំពីអតីតកាលហើយមិនដែលឃើញមុខ។ តែលោក ម៉ុង អះអាងថា
លោកទើបតែស្គាល់តា ទិត ពេលមករស់នៅជិតគ្នា។
នៅក្នុងឯកសារដដែលបានបញ្ជាក់ថា តា ទិត
មានជាប់ទាក់ទឹននឹងការកាប់សម្លាប់មនុស្សជាច្រើនក្នុងពេលដែលលោក
ធ្វើជាប្រធានតំបន់ស្តីទីគ្រប់គ្រង ខេត្តពោធិសាត់ បាត់ដំបង
បន្ទាយមានជ័យ
នៅក្នុងតំបន់ពាយ័ព្យប្រទេសបន្ទាប់ពីធ្វើជាគណៈស្រុកគីរីវង្ស
ខេត្ត តាកែវ។
ឯកសារតុលាការដដែលបានបញ្ជាក់ទៀតថាបទឧក្រិដ្ឋនិងការទទួលខុសត្រូវ
របស់តា ទិត មានដូចជា៖
«ចាប់ខ្លួន
និងកាប់សម្លាប់ទ្រង់ទ្រាយធំដែលបានកើតឡើងជាប្រព័ន្ធនៅទូទាំង
តំបន់ពាយ័ព្យ បន្ទាប់ពីការមកដល់របស់ក្រុមនិរតី គឺជាគម្រោងការ
ការផ្តួចផ្តើមឡើង និងបញ្ជារបស់តា ទិត»។
តា ទិត
ត្រូវបានចោទប្រកាន់ពីបទបង្ខំឲ្យធ្វើការហួសកម្លាំងក្នុងពេលលោក
កាន់កាប់គុក ចំនួន២៥ នៅភាគពាយ័ព្យ។ តា ទិត
មានស្រុកកំណើតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
ឯកសារតុលាការបានបញ្ជាក់ដែរថាសមាជិកក្រោមបង្គាប់តា ទិត
បានមកប្រមូលយកប្រម៉ាត់មនុស្សជាញឹកញាប់នៅមន្ទីរឃុំឃាំងវត្ត
ប្រធាតុ ពេលតា ទិត ធ្វើជាគណៈស្រុកគីរីវង្សសម័យខ្មែរក្រហម។
ក្រៅពីតា ទិត និង លោក ស៊ូ ម៉េត
ជនសង្ស័យ៣នាក់ផ្សេងទៀតដែរបានបកស្រាយ បំភ្លឺមាន តា អាន តា មុត
អ្នកស្រី អ៊ឹម ចែម ក្នុងកិច្ចសម្ភាសដាច់ដោយឡែកៗពីគ្នាជាមួយ
វីអូអេសំឡេងសហរដ្ឋអាមេរិកបានព្យាយាមការពារខ្លួនពីការចោទប្រកាន់
របស់សហព្រះរាជអាជ្ញា។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទពីខេត្តប៉ៃលិនលោក ម៉ីយ ម៉ាក់
អតីតមន្ត្រីខ្មែរក្រហមមួយរូប
បច្ចុប្បន្នលោកជាអភិបាលរងខេត្តប៉ៃលិន។
លោកពុំគាំទ្រឲ្យមានការកាត់ទោសជនសង្ស័យបន្ថែមលើសំណុំរឿង០០៣និង
០០៤ទេ។ លោកបានពន្យល់ថា
កិច្ចការក្នុងសម័យខ្មែរក្រហមគឺធ្វើតាមបញ្ជាថ្នាក់លើដើម្បីរក្សា
អាយុជីវិត។
«ម្នាក់ៗទាំងអស់គ្នានៅទីនេះ
គ្មាននរណាចង់មានបញ្ហា០០៣០០៤ទៀតទេ
ព្រោះពួកគាត់ធ្វើច្រើនតែតាមបញ្ជារក្រោមការដឹកនាំរបស់ថ្នាក់លើ
ដែរណា៎។ បើកាលណាមិនហ៊ានសុទ្ធតែ0ទទួលទោស។
បើថាមិនបានធ្វើតាមការណែនាំឬបញ្ជារបស់ថ្នាក់ដឹកនាំគឺទទួលទោស
ដោយខ្លួនឯង ហើយត្រូវស្លាប់ខ្លួនហើយ»។
ក្រៅពីការចោទប្រកាន់ប្រទេសមួយចំនួនដោយប្រយោលថាចង់ឲ្យកម្ពុជា
មានបញ្ហា អស្ថិរភាព លោក ម៉ីយ មាក់
ថ្លែងថាលោកពុំចង់ឃើញកម្ពុជាមានអស្ថិរភាពដោយសារការបន្តកាត់ទោស
អតីតកម្មាភិបាលខ្មែរក្រហមបន្ថែមទេ។ លោកសង្កត់ធ្ងន់ថា
សាលាក្តីខ្មែរក្រហមគួរបញ្ចប់ត្រឹមសំណុំរឿង០០១និង០០២
ដើម្បីកុំឲ្យប៉ះពាល់ ដល់ការអភិវឌ្ឍ
អារម្មណ៍ផ្លូវចិត្តរបស់ប្រជាពលរដ្ឋនិងសន្តិភាព។
«ប្រទេសខាងលិចមួយចំនួន គេមានសុខសន្តិភាពអញ្ចឹង
ម្ល៉ោះហើយគេបង្កើតឲ្យតែ
មានរឿងជាបន្តបន្ទាប់។អញ្ចឹងអាហ្នឹងស៊ីសងលើប្រទេសមហាអំណាចខ្លះ
គេគិត ឃើញទេ។
ឯយើងនេះគឺយើងមិនចង់ឲ្យមានទេពីព្រោះយើងទើបតែចាកចេញពីភ្នក់
ភ្លើងនៃសង្គ្រាម។ បានសន្តិភាពប៉ុណ្ណឹងយើងចង់បានស្អីទៀត
ខ្លាចក្រែងតែបង្កើតបញ្ហាអារម្មណ៍អីច្រើនចុះឡើងៗទៅ
សន្តិភាពយើងវាមិនស្ថិតស្ថេរ
ដូច្នេះមានតែខំយកចិត្តមួយថ្លើមមួយទាំងអស់គ្នា
ទាំងមហាជនទាំងអស់ដើម្បីនឹងរួមគ្នាអភិវឌ្ឍ និងកសាងប្រទេសទៅ
ហើយនឹងពង្រឹងសុខសន្តិភាពឲ្យបានយូរលង់ទៅ បើមិនបានអមតៈ»។
សហព្រះរាជអាជ្ញា
និងចៅក្រមស៊ើបអង្កេតភាគីកម្ពុជាបង្ហាញជំហរដូចរដ្ឋា
ភិបាលកម្ពុជាដែលមិនចង់ចោទប្រកាន់ឬចាប់ខ្លួនជនសង្ស័យបន្ថែម
ដោយឈរលើហេតុផលសន្តិភាព។ ចំណែកចៅក្រមបរទេសឈរលើយុត្តិធម៌ដែលថាជន
ប្រព្រឹត្តិកំហុសត្រូវនាំយកមកជុំនំជម្រះទោស
ពីបទឧក្រិដ្ឋកម្មនានាក្នុងទសវត្សន៍១៩៧០
ដែលមានមនុស្សជិត២លាននាក់ស្លាប់បាត់បង់ជីវិត។
ទោះជាយ៉ាងណាក៏ដោយសំណុំរឿងបន្ថែម ០០៣
និង០០៤នេះមិនទាន់ដំណើរការទៅមុខទេ
ទោះបីជាសហព្រះរាជអាជ្ញាបរទេសបានស្នើកាលពីខែវិច្ឆិកាឆ្នាំ២០០៨
ឲ្យសហចៅក្រមស៊ើបអង្កេតចាប់ឃុំខ្លួននិងស៊ើបអង្កេតជនទាំង៥នាក់
ក្តី។ សាលាក្តី
កាត់ទោសខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិរំពឹងថានិងបើក
សវនាការកាត់ទោសលើអង្គសេចក្តីនៃសំណុំរឿងលេខ០០២នៅពេលឆាប់ៗខាង
មុខចំពោះអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំណាស់ៗ គឺ នួន ជា
បងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ អៀង សារី រដ្ឋមន្ត្រីការបរទេស និង អៀង
ធីរិទ្ធ រដ្ឋមន្ត្រីសង្គមកិច្ច។
សាលាក្តីនេះនឹងត្រៀមប្រកាសសាលក្រមដាក់ទោស កាំង ហ្កេកអ៊ាវ ហៅឌុច
អតីតប្រធានគុកទួលស្លែងខ្មែរក្រហមដែលទទួលខុសត្រូវលើការសម្លាប់
ជីវិតមនុស្សជាង១២.០០០នាក់៕