លោក អ៊ឹម សួស្តី (រូបកណ្តាល)ប្រធាន គ.ជ.ប
©Reuters
នៅព្រឹកថ្ងៃ៥មករានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានផ្សព្វផ្សាយពីតារាងលទ្ធផល នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០១០។ នោះគឺចំនួនអ្នកបោះឆ្នោតឆ្នាំ២០១០ នៅទូទាំងប្រទេស មានចំនួន ៨.៥៤៣.២៨៣ នាក់។ ចំនួននេះ បានកើនឡើង បើធៀបនឹងឆ្នាំ២០០៩ ដែលមានចំនួនអ្នកបោះឆ្នោត ៨.៣៣១.៩០៦ នាក់៕
តារាងលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១០ ដែលត្រូវបានផ្សព្វផ្សាយនៅព្រឹកមិញ បង្ហាញថា ក្នុងចំណោមអ្នកបោះឆ្នោតជាង ៨,៥ លាននាក់ នៅខេត្តកំពង់ចាម មានអ្នកបោះឆ្នោតច្រើនជាងគេ រហូតដល់ជាង ១,១ លាននាក់។ បន្ទាប់មក ខេត្តកណ្តាល ដែលមានបោះឆ្នោតជាង ៨ សែននាក់។
ក្នុងសន្និសីទកាសែត លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប. បានលើកឡើងថា នៅក្នុងនីតិវិធី និងការអនុវត្តន៍ជាក់ស្តែង ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០១០ រួមមាន៖ ការចុះឈ្មោះអ្នកបោះឆ្នោត ការលុបឈ្មោះ និងកែតម្រូវឈ្មោះអ្នកបោះឆ្នោត គឺគ.ជ.ប. បានធ្វើការកែលម្អពីមួយឆ្នាំ ទៅមួយឆ្នាំ ព្រមទាំងធ្វើទៅតាម Double Entry មានន័យថា ឈ្មោះអ្នកបោះឆ្នោតមួយ ត្រូវផ្ទៀងផ្ទាត់ពីរដង ដើម្បីជៀសវាងការខុសឆ្គង។
ក្នុងពេលប្រកាសផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការប្រចាំឆ្នាំ នៅព្រឹកមិញ លោក ហូរ វ៉ាន់ តំណាងគណបក្សសមរង្ស៊ី បានស្នើសុំឲ្យ គ.ជ.ប. បន្ថែមរយៈពេលចុះឈ្មោះបោះឆ្នោត រហូតដល់ ៦ ខែ ហើយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានចុះឈ្មោះ និងបានបោះឆ្នោតទាំងអស់គ្នា។ រីឯការលុបឈ្មោះអ្នកបោះឆ្នោត គ.ជ.ប. ក៏ត្រូវធ្វើឲ្យបានត្រឹមត្រូវផងដែរ។
ជាការលើកឡើង ដែលលោក អ៊ឹម សួស្តី បានទទួលយក ហើយអះអាងថា ក្នុងការចុះឈ្មោះបោះឆ្នោត នាឆ្នាំ២០១១នេះ គ.ជ.ប. នឹងរៀបចំកម្មវិធីឲ្យតំណាងគណបក្សនយោបាយ និងអ្នកកាសែត ចូលរួមត្រួតពិនិត្យដំណើរការចុះឈ្មោះ និងបញ្ចូលទិន្នន័យក្នុងកុំព្យួទ័រ ចំពោះការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត។ ការចុះឈ្មោះបោះឆ្នោត នៅខែតុលាខាងមុខ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០១២។
យ៉ាងណាក៏ដោយ អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានលើកឡើងថា ការចុះឈ្មោះ និងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅតែចោទជាបញ្ហាសម្រាប់ការបោះឆ្នោតនៅកម្ពុជា។ ខុមហ្វ្រែល បញ្ជាក់ថា នៅកម្ពុជា ប្រព័ន្ធចុះឈ្មោះ និងបញ្ជីឈ្មោះអ្នកបោះឆ្នោត បានបង្កើតឡើងនូវបន្ទុក និងករណីយកិច្ចទៅដល់ប្រជាពលរដ្ឋ។ ថ្មីៗនេះ វាបានបង្កបញ្ហា និងធ្វើឲ្យមានការបាត់បង់នូវសិទ្ធិអ្នកបោះឆ្នោតរាប់សែននាក់៕